The Best of Hyogo ~ひょうごの魅力「再」発見ツアー~
 

ត្រឡប់ទៅអតីតកាល

អ៊ឹម សុរីដា's visit to TAJIMA
Name អ៊ឹម សុរីដា
From កម្ពុជា
Time in Japan ២ឆ្នាំកន្លះ
visited day 2017/10/29 - 2017/10/30
area ភូមិអិគុណុ
TAJIMA
"ត្រឡប់ទៅអតីតកាល"
2017/10/29 - 2017/10/30
កាលពីចុងខែតុលា ខ្ញុំបានទៅលេងក្រុងអាសាហ្គោចំនួន១យប់២ថៃ្ងតាមរយៈកម្មវិធី “The Best of Hyogo”។ ក្រុងអាសាហ្គោ ជាក្រុងមួយក្នុងចំណោមក្រុងទាំង២៩ របស់ខែត្រហ្យោហ្គោក។ ថ្វីត្បិតតែវាជាក្រុងតូចមួយ ដែលមានក្រឡាផ្ទៃសរុបត្រឹម ៤០៣គីឡូម៉ែត្រក៏ពិតមែន ទីនោះមានកន្លែងទេសចរណ៍ប្លែកៗ គួរជាទីចាប់អារម្មណ៍។

ខ្ញុំបានមករៀនបន្តនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០១៥។ ក្រោយពីមករស់នៅទីនេះអស់រយៈពេលជិត៣ឆ្នាំ ខ្ញុំសង្កេតឃើញថា ជប៉ុនព្យាយាមលើកស្ទួយវិស័យទេសចរណ៍គួរឱ្យកត់សម្គាល់។ តំបន់ទេសចរណ៍ភាគច្រើនមានគេហទំព័រផ្ទាល់ខ្លួន ក៏ប៉ុន្តែគួរឱ្យសោកស្តាយព្រោះមានតែកន្លែងល្បីៗទេ ដែលត្រូវបានបកប្រែជាភាសាបរទេស។ យ៉ាងណាមិញ យើងអាចសុំពត៌មានឬខិត្តប័ណ្ណបាន នៅតាមដេប៉ូផ្តល់ពត៌មានទេសចរណ៍។ ភាពងាយស្រួលក្នុងការស្វែងរកឯកសារ បូកផ្សំនឹងមធ្យោបាយធ្វើដំណើរ ជាកត្តាមួយជួយឱ្យខ្ញុំដែលជាអ្នកចូលចិត្តដើរលេងស្រាប់នោះ អាចដើរហើរបានដោយសេរី។

ដូចសព្វមួយដង ក្រោយពីបានមើល និងអានត្រួសៗពីក្រុងអាសាហ្គោ កន្លែងដែលទាក់ទាញចិត្តខ្ញុំជាងគេនោះគឺ សំនល់បាក់បែករបស់វិមានតាកេដា អណ្តូងរ៉ែប្រាក់អិគុណុ និង កុសាតាគុ។ ដោយសារតែពេលវេលាពុំគ្រប់គ្រាន់ ខ្ញុំពុំបានឈាងទៅទស្សនាសំនល់បាក់បែករបស់វិមានតាកេដាទេ។ យ៉ាងណាក៏ដោយ ខ្ញុំនឹងឆ្លៀតទៅទីនោះឱ្យបានម្តង ពីព្រោះបើមើលតាមរូបភាពទៅ ឃើញថាវាពិតជាស្អាតខ្លាំងណាស់ ជាពិសេសនៅពេលរដូវស្លឹកឈើជ្រុះនេះតែម្តង។ សំនល់បាក់បែករបស់វិមានតាកេដានេះ ត្រូវបានគេប្រៀបប្រដូចទៅនឹងមាជូ ពីជូរបស់ប្រទេសពេរ៉ូ ដោយសារវាលាតសន្ធឹងលើកំពូលភ្នំ (រយៈកម្ពស់៣៥៣.៥ម៉ែត្រ បើធៀបនឹងរយៈកម្ពស់ទឹកសមុទ្រ)។ រៀងរាល់ព្រឹកនារដូវស្លឹកឈើជ្រុះនិងរដូវរងា វិមានមួយនេះត្រូវបានឡោមព័ទ្ធដោយដុំពពក ដែលមើលទៅប្រៀបបានទៅនឹងវិមានឋានសួគ៌។


Solida1


ជាដំបូង ខ្ញុំបានទៅអណ្តូងរ៉ែប្រាក់អិគុណុ។ អណ្តូងរ៉ែប្រាក់អិគុណុត្រូវបានគេជឿថា ចាប់ផ្តើមដំណើរការតាំងពីប្រមាណ១២០០ឆ្នាំមុនមកម្ល៉េះ។ នៅពេលនោះ វាត្រូវបានគ្រប់គ្រងដោយ អូដា ណូបូនាហ្គា, តុយុតុមិ ហិដេយោស៊ី និង តុគុហ្គាវា អ៊ីអេយ៉ាសុ។ ចាប់ពីឆ្នាំ១៨៦៨ វាបានក្លាយទៅជាអណ្តូងរ៉ែទំនើបដំបូងបំផុតរបស់់រដ្ឋជប៉ុន ហើយដើរតួជាអណ្តូងរ៉ែមួយដ៏សំខាន់របស់ប្រទេស រហូតដល់ឆ្នាំ១៩៧៣។ បច្ចុប្បន្ន វាត្រូវបានគេប្តូរទៅជារមណីយដ្ឋានទេសចរណ៍។


Solida2 Solida3


តាមផ្លូវនៃអណ្តូងរ៉ែ ត្រូវបានបំពាក់ដោយមនុស្សយន្ត និងតុក្កតា ដែលកំពុងធ្វើការយ៉ាងសស្រាកសស្រាំសរុបចំនួន៦០នាក់។ បើមើលតែមួយភ្លែតទៅ អ្នកអាចនឹងគិតថាពួកគាត់ម្នាក់ៗគ្រាន់តែត្រូវគេយកមកដាក់ គ្រាន់ជាការលម្អ។ ខ្ញុំជឿថាអ្នកប្រាកដជានឹកស្មានមិនដល់ទេថា ពួកគាត់មានឈ្មោះ និងតួនាទីផ្ទាល់ខ្លួនជាក់លាក់។ ក៏ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានអានពីប្រវត្តិរូបសង្ខេបរបស់ពួកគាត់រួច។ វាហាក់បីដូចជាពួកគាត់ពិតជាកម្មករជីករ៉ែពិតៗ ដែលកំពុងប្រកបរបរប្រចាំថ្ងៃរបស់ខ្លួនដូចសព្វដង។


Solida4

Solida5

Solida6


រូបខាងក្រោមនេះជាគំរូផ្លូវមួយ ដែលកម្មកររ៉ែឆ្លងកាត់។ វាពិតជាតូចមែនទែន។ ទំហំរបស់ផ្លូវនីមួយៗគឺ ត្រឹម៦០ទៅ៧០សង់ទីម៉ែត្រប៉ុណ្ណោះ។ ការងារជាអ្នកជីករ៉ែ មើលទៅពិតជាប្រឈមមុខនឹងគ្រោះថ្នាក់ណាស់។ ជប៉ុនជាប្រទេសមួយដែលរងគ្រោះដោយគ្រោះធម្មជាតិជារៀងរាល់ឆ្នាំ ដូចជារញ្ជួយដីជាដើម។ ប្រសិនបើមានការបាក់ដី ហើយចៃដន្យវាធ្វើឱ្យបាក់កំំណាត់ផ្លូវដ៏តូចទាំងនោះ ត្រង់កំំណាត់ណាមួយនោះ តើពួកគាត់ដែលកំពុងធ្វើការខាងក្រោមនោះ អាចរត់គេចបានដោយរបៀបណា...


Solida7 Solida8


ប្រសិនបើអ្នកចូលចិត្តគ្រឿងអលង្ការ និងរបស់ដែលទ្វើដោយដៃ នៅក្បែរស្ថានីយរុករករ៉ែ មានកន្លែងធ្វើគ្រឿងអលង្ការដោយដៃ។ អ្នកអាចច្នៃមូដគ្រប់បែបយ៉ាង តាមដែលអ្នកពេញចិត្ត។ ចំណែកខ្ញុំពេលនោះវិញ បានធ្វើបន្តោងខ្សែកអក្សរZ។ បន្តោងខ្សែកអក្សរZពណ៌សដែលអ្នកឃើញនៅរូបខាងឆ្វេង ជាបន្សំរវាងដីអិដ្ឋនិងប្រាក់។ ក្រោយពីដុតវាជាមួយនឹងកម្តៅជាង៨០០អង្សា អស់រយៈពេលកន្លះម៉ោងមក និងដុសខាត់ជាមួយច្រាសដូចទៅនឹងរូបខាងក្រោម បន្តោងពណ៌សក៏បានប្តូររូបរាងទៅជាពណ៌ប្រាក់។


Solida9

Solida10


បន្ទាប់ពីចាកចេញពីស្ថានីយរុករករ៉ែ ខ្ញុំក៏បានទៅដើរទស្សនារបៀងក្រុងអណ្តូងរ៉ែប្រាក់។ ផ្លូវគុជិហ្គាណាយ៉ា ជាផ្លូវដែលសំណង់ត្រូវបានបន្សល់តាំងពីជំនាន់ដែលទីក្រុងនោះជាទីក្រុងអណ្តូងរ៉ែ។ ហេតុដូច្នេះហើយ ពេលដែលខ្ញុំដើរតាមដងផ្លូវនោះ ខ្ញុំមានអារម្មណ៍មួយប្លែក ដូចកំពុងតែដើរដងផ្លូវកាលពី៤០០ឆ្នាំមុន។ និយាយឱ្យត្រង់ទៅ ខ្ញុំពិតជាចូលចិត្តបរិយាកាសនាពេលនោះណាស់។ ទោះបីជាវាកើតឡើងក្នុងរយៈពេលមួយខ្លីក៏ពិតមែន តែខ្ញុំនឹងចងចាំវាទុកជានិច្ច។


Solida11


នៅយប់នោះ ខ្ញុំបានសម្រាកនៅកុសាតាគុ។ កុសាតាគុ ជាអតីតអន្តេវសិកដ្ឋានឯកជនរបស់អណ្តូងរ៉ែអិគុណុ។ នៅទីនោះមានផ្ទះចំនួន៤ខ្នង ដែលត្រូវបានថែរក្សាឱ្យដូចរចនាបទនៃផ្ទះជប៉ុនសម័យអេដុ និងមេយជិ។ បច្ចុប្បន្ន ទីនោះត្រូវបានគេប្រើប្រាស់ជាសារមន្ទីរ។ ខ្ញុំពុំដែលធ្លាប់គិតថាខ្លួនអាចនឹងមានសំណាង បានស្នាក់អាស្រ័យនៅទីសម្បត្តិវប្បធម៌ជាប្រវត្តិសាស្ត្រណាមួយទេ។ វាពិតជាកិត្តិយសមួយធំធេងណាស់សម្រាប់ខ្ញុំ។ ខ្ញុំពិតជាស្ញប់ស្ញែងពីសម្រស់របស់សំំណង់ផ្ទះបុរាណទាំង៤ខ្នងនោះ។ វាអាចមកពីខ្ញុំចូលចិត្តស្ទីលផ្ទះជប៉ុនបុរាណខ្លាំង (ជាពិសេសរានហាល ដែលភាសាជប៉ុនគេហៅថា‹អេនហ្គាវា›) ដែលជាហេតុធ្វើឱ្យខ្ញុំរញ្ជើបរញ្ជួលខ្លាំងបែបនេះ...


Solida12

Solida13

Solida14

Solida15

អូ! ខ្ញុំប៊ិះតែនឹងភ្លេចរៀបរាប់ពីម្ហូបប្រចាំតំបន់អាសាហ្គោទៅហើយ។


Solida16


ដំបូងគឺការ៉េមរសជាតិស្លឹកខ្ទឹម។ ស្លឹកខ្ទឹមជាបន្លែដែលល្បីនៅទីនោះ។ ការ៉េមរសជាតិស្លឹកខ្ទឹម... ស្ដាប់មើលទៅចម្លែកណាស់មែនទេ? ប៉ុន្តែវាពិតជាមានលក់ពិតមែន។ ក្រោយពីបានញ៉ាំមួយម៉ាត់ដំបូង អ្វីដែលខ្ញុំគិតនោះគឺ ‹ហេ... ធុំក្លិនស្លឹកខ្ទឹមដូចគេថាមែន›។ ដោយសារតែរសជាតិពុំធ្លាប់បានសាកពីមុនមក ញ៉ាំប៉ុន្មានម៉ាត់ដំបូងដូចជាមានអារម្មណ៍ប្លែកៗ។ ប៉ុន្តែពេលញ៉ាំយូរៗទៅ ឆ្ងាញ់ដូចការ៉េមរសជាតិទឹកដោះគោះដែរ។


Solida17


បន្ទាប់មកទៀតនេះគឺ បាយអិគុណុហាយ៉ាស៊ី។ បើមើលពីរូបរាងខាងក្រៅទៅដូចជាការីជប៉ុនអ៊ីចឹង។ និយាយទៅ ខ្ញុំពុំសូវជាចូលចិត្តការីជប៉ុនប៉ុន្មានទេ ហើយខ្ញុំគិតថាជនបរទេសភាគច្រើនក៏ដូចខ្ញុំដែរ។ យ៉ាងណាមិញ រសជាតិរបស់បាយអិគុណុហាយ៉ាស៊ី ពិតជាឆ្ងាញ់។ គ្រាន់តែគិតពីមុខម្ហូបមួយនេះ ក្រពះរបស់ខ្ញុំកូរគ្រូកៗ...

ក្នុងពេលតែមួយពព្រិចភ្នែក ២ថ្ញៃក៏ត្រូវបានកន្លងផុត។ ដំំំណើរកម្សាន្តរបស់ខ្ញុំទៅកាន់ទីក្រុងអាសាហ្គោក៏ត្រូវបានបញ្ចប់។ ជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អានអត្ថបទមួយនេះតាំងពីដើមរហូតដល់ចប់។ ខ្ញុំសង្ឃឹមថាក្រោយពីអានអត្ថបទមួយនេះ អ្នកនឹងបានយល់ដឹងច្រើនជាងមុនពីក្រុងអាសាហ្គោ។
♨ខាងក្រោមនេះជាគេហទំព័រ រូបភាពទេសភាពខ្លះៗនៅក្រុងអាសាហ្គោ


Solida18

Solida19

Solida20

Solida21


LINK:

・Ikuno NAVI
生野NAVI / Ikuno NAVI

・Ikuno silver mine
生野銀山 / Ikuno silver mine

・Marie (silversmithing studio) 
銀細工工房マリー / Marie (silversmithing studio)
   
・Kousyataku(Takashi Shimura Memorial Hall)
甲社宅(志村喬記念館)/ Kousyataku(Takashi Shimura Memorial Hall)

・Kassel(Hotel)
カッセル / Kassel

・Idutuya
井筒屋 / Idutuya

・Asagoshi
朝来市 / Asago city

・Ikuno hashed rice MAP
生野ハヤシライスMAP / Ikuno hashed rice MAP




 
 
「本サイトに掲載されている画像・文章等の無断転載、引用を禁じます。」 Copyright(C) Hyogo International Association AllRights Reserved.