The Best of Hyogo ~ひょうごの魅力「再」発見ツアー~
 

ភូមិធម្មជាតិ និងវប្បធម៌តាកា

អ៊ឹម សុរីដា 's visit to HARIMA
Name អ៊ឹម សុរីដា
From កម្ពុជា
Time in Japan ១ឆ្នាំ១០ខែ
visited day 2017/02/23 - 2017/02/24
area ភូមិតាកា
HARIMA
"ភូមិធម្មជាតិ និងវប្បធម៌តាកា"
2017/02/23 - 2017/02/24
កាលពីអាទិត្យមុន ខ្ញុំនិងមិត្តរួមក្រុមប៉ុន្មាននាក់ បានធ្វើដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅភូមិតាកា ដែលស្ថិតនៅប៉ែកខាងជើងនៃខេត្តហិយោហ្គោកប្រទេសជប៉ុន។ តាកាគឺជាភូមិតូចមួយ ដែលមានក្រលាផ្ទៃ185,15គីឡូម៉ែតការេ និងមានប្រជាជនសរុបប្រមាណ21757នាក់ (គិតត្រឹមខែតុលា ឆ្នាំ២០១៤)។ ព័ទ្ធជុំវិញទៅដោយកម្រងភ្នំ ភូមិតាកាជាភូមិមួយដែលសំបូរទៅដោយសម្បត្តិធម្មជាតិ គួរជាទីលំហែនាចុងសប្តាហ៍ ឬពេលឈប់សម្រាកនានា។

ប្រសិនបើអ្នកមានចំនូលចិត្តក្នុងការឡើងភ្នំ អ្នកគួរតែទៅលេងទីនោះ។ អ្វីដែលភ្នំនៅភូមិតាកាមាន លើសភ្នំនៅកន្លែងផ្សេងៗទៀតនោះគឺ កម្មវិធី ”ដើរដើម្បីសុខភាព” (Health Walking) ដែលរៀបចំដោយអ្នកភូមិទីនោះ។

ពួកគាត់នឹងវាស់សម្ផាធឈាមរបស់អ្នក មុនពេលអ្នកឡើងភ្នំ និងក្រោយពេលអ្នកចុះពីភ្នំ។ បន្ទាប់ពីប្រៀបធៀបលទ្ធផលទាំង២ អ្នកនឹងដឹងថាតើអ្នករាល់ថ្ងៃ ធ្វើលំហាត់ប្រាណបានគ្រប់គ្រាន់ ឬយ៉ាងណា។

ソリダ2

ソリダ3

ソリダ4

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយវិញទៀតនោះគឺ អ្នកនឹងមានឱកាសគេងក្នុងធម្មជាតិប្រហែលជា១៥នាទី បន្ទាប់ពីចុះពីភ្នំ។ ខ្ញុំជឿជាក់ថាអ្នកនឹងចូលចិត្តវា។ ក្រោយពីបានដំរេតខ្លួន និងបិទភ្នែកសម្រាកនៅលើកម្រាលប្រហែល២ទៅ៣នាទី ខ្ញុំមានអារម្មណ៍ថាខ្លួន និងខួរក្បាលរបស់ខ្ញុំចាប់ផ្តើមស្រាល ហើយស្រឡះ។ ខ្យល់បរិសុទ្ធដែលប៉ះនឹងចុងច្រមុះ សម្លេងខ្យល់បក់និងទឹកហូរតិចៗ រួមទាំងអាកាសធាតុត្រជាក់ល្មម វាប្រៀបបានទៅនឹងឋានសួគ៌លោកកីយ។

ソリダ5

ソリダ6

ក្រៅពីការឡើងភ្នំ ក៏នៅមានសកម្មភាពជាច្រើនទៀត ដែលអ្នកអាចធ្វើបាននៅភូមិដ៏តូចមួយនេះ។ បើអ្នកជួបជនជាតិជប៉ុន ហើយសួរពួកគេពីភូមិតាកា ខ្ញុំគិតថាចម្លើយដំបូងរបស់ពូកគេអាចជា “ភូមិដែលមានម៉ាគីសូស៊ី (roll sushi) ឆ្ងាញ់នោះមែនទេ?” ។

ソリダ7

ソリダ8

និយាយឲ្យចំទៅ ភូមិមួយនេះភាគច្រើនត្រូវបានគេស្គាល់ ដោយសារភាពល្បីល្បាញរបស់ម៉ាគីសូស៊ីនោះឯង។ បើតាមសម្តីរបស់អ៊ុំស្រីម្នាក់ដែលខ្ញុំបានជួប ហាងម៉ាគីសូស៊ីទីនោះត្រូវបានបង្កើតឡើងដោយអ៊ុំៗស្រីវ័យកណ្តាលប៉ុន្មាននាក់ ដែលរស់នៅទីនោះ។ ពួកគាត់បានប្រើរូបមន្តប្រចាំតំបន់របស់ពូកគាត់។ ក្រោយពីបានភ្លក់រសជាតិរបស់វា ភ្ញៀវទេសចរដែលទៅលេងទីនោះ បានសរសើរមិនដាច់ពីមាត់ពីវា ហើយក៏ប្រហែលក៏ជាពួកគាត់បានផ្សព្វផ្សាយទៅមិត្តភក្តិ និងបងប្អូនរបស់ពូកគាត់។ ដូចជាសុភាសិតខ្មែរមួយដែលលើកឡើងថា “ម៉ាត់វែងជាងផ្លូវ” ការនិយាយតៗគ្នានេះ បានធ្វើឲ្យគេស្គាល់ពីម៉ាគីសូស៊ីនៅភូមិតាកា រហូតដល់មានការចាក់ផ្សាយតាមរយៈកម្មវិធីមួយរបស់ទូរទស្សន៍ជប៉ុន។ លើសពីនេះទៅទៀត នៅទីនោះមានសេវាកម្មបង្រៀនមូរម៉ាគីសូស៊ីផងដែរ ដូច្នេះហើយអ្នកក៏អាចញ៉ាំម៉ាគីសូស៊ី ដែលមូរដោយខ្លួនអ្នកផ្ទាល់។

មិនត្រឹមតែសូស៊ីទេដែលអ្នកអាចធ្វើវាដោយខ្លួនឯង អ្នកក៏អាចចូលរួមធ្វើតៅហ៊ូ និងក្រដាសបុរាណជប៉ុននៅភូមិតាកា។

ソリダ9

ソリダ10

បើនិយាយពីការធ្វើក្រដាសបុរាណជប៉ុន វាមិនមែនជាការងារមួយស្រួលប៉ុន្មានទេ ដោយសារតែដំណាក់កាលភាគច្រើន ត្រូវធ្វើដោយដៃ។

ソリダ11

ソリダ12

ដូចទៅនឹងរូបភាព ក្រោយពីចិតសំបកឈើរួច យើងត្រូវជៀរផ្នែកខ្មៅខាងក្រៅចេញ បន្ទាប់មកយកវាទៅបោកនៅក្នុងទឹកទន្លេ ហើយដំណាក់កាលទាំង២ខាងលើនេះ គឺត្រូវធ្វើដោយដៃទាំងស្រុង។ ម៉្យាងវិញទៀត ដើម្បីឲ្យសរសៃសំបកឈើទាំងនោះសស្អាត គេត្រូវបោកវាក្នុងទឹកត្រជាក់ ដែលជាមូលហេតុធ្វើឲ្យដំណាក់កាលនេះ ត្រូវធ្វើតែនៅរដូវរងារ។

កន្លែងចុងក្រោយដែលខ្ញុំចង់ណែនាំនៅភូមិតាកាគឺ សួនឡាវេនដា។ គួរឲ្យសោកស្តាយដែលខ្ញុំទៅទីនោះនៅពេលរដូវរងារ ពីព្រោះផ្កាឡាវេនដារីកនៅខែ៦។ យ៉ាងណាមិញ យើងអាចរៀនធ្វើទឹកបាញ់បន្ទប់ក្លិនផ្កាឡាវេនដាបានពេញ១ឆ្នាំ។

ソリダ13

ソリダ14

ជាចុងក្រោយ ខ្ញុំសង្ឃឹមថាក្រោយពីអានអត្ថបទមួយនេះ អ្នកនឹងបានយល់ដឹងច្រើនជាងមុនពីភូមិតាកា។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ ចង់ស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីភូមិមួយនេះ សូមចូលទៅកាន់គេហទំព័រខាងក្រោម


多可町HP





 
 
「本サイトに掲載されている画像・文章等の無断転載、引用を禁じます。」 Copyright(C) Hyogo International Association AllRights Reserved.